សំណួរចម្លើយ

តើអ្នកមានសំណួរដែរ ឬទេ? ទាំងនេះជាសំណួររបស់មិត្តអ្នកដែលសួរច្រើនជាងគេ​​ សូមមើលចម្លើយនៅខាងក្រោមនៃសំណួរទាំងនោះ ។

តើអំពើជួញដូរមនុស្សខុសច្បាប់ដែរ ឬទេ?

មែនហើយ! អំពើជួញដូរមនុស្សជាអំពើខុសច្បាប់ ទាំងនៅប្រទេសកម្ពុជានិង ប្រទេសដទៃទៀតដែរ។

ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនៃប្រទេសកម្ពុជាបានចែងថា ជនប្រព្រឹត្តបទល្មើសនឹងត្រូវដាក់ទោសឱ្យជាប់គុកចន្លោះពី១០ ទៅ១៥ឆ្នាំ។ ហើយបើជនរងគ្រោះជាកុមារមានអាយុក្រោម១៥ឆ្នាំ នឹងជាប់គុកចន្លោះពី១៥ទៅ២០ឆ្នាំ។ ការដាក់ទោសទណ្ឌនេះត្រូវបានអនុវត្តន៍ដូចគ្នាទៅលើអ្នកប្រព្រឹត្ត, អ្នកជួញដូរ ឬអ្នកលក់, អ្នកទិញ, អ្នកផ្តល់លុយ ឬមធ្យោបាយសមគំនិត ដូចជាការដឹកជញ្ជូន ឬផ្តល់កន្លែងស្នាក់នៅសម្រាប់អំពើជួញដូរនេះផងដែរ។

វាសំខាន់ណាស់ដែលអ្នកត្រូវចងចាំថាអំពើជួញដូរមនុស្ស គឺមានភាពខុសគ្នាពីការធ្វើចំណាកស្រុក។ អំពើជួញដូរមនុស្សគឺជាការលក់ដូរនរណាមួយដោយបង្ខំ​ដែលមានសកម្មភាពរួមផ្សំដូចជា ការដឹកជញ្ជូន ការផ្តល់កន្លែងស្នាក់ជាដើម។ ក្នុងខណៈដែលជនរងគ្រោះមិនមានជម្រើស ហើយជាអ្នកទទួលបានការអប់រំតិចតួច, ជីវភាពក្រីក្រ ឬងាយរងគ្រោះ ពួកគេក៏ត្រូវបានគេកេងប្រវ័ញ្ចពីអ្នកជួញដូរដើម្បីទទួលផលកម្រៃដែលបានពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការបម្រើផ្លូវភេទជាដើម។

ចំណាកស្រុកមានភាពខុសគ្នាពីការជួញដូរដោយសារតែការធ្វើចំណាកស្រុកគឺជាអាចមានលទ្ធផលវិជ្ជាមាន។ តែទោះជាយ៉ាងណានៅពេលមានការធ្វើចំណាកស្រុកដោយមិនស្របច្បាប់ ឬមិនមានសុវត្ថិភាព វាក៏អាចមានលទ្ធផលប្រឈមនឹងអំពើជួញដូរ និងការកេងប្រវ័ញ្ចផងផ្សេងៗផងដែរ។

ប្រសិនបើអ្នកចង់ដឹងលម្អិតជាងនេះ សូមចុចទីនេះដើម្បីអានមេរៀនទី១ ក្នុងជំពូកទី១។

ទៅផ្នែកខាងលើវិញ ▲

តើខ្ញុំត្រូវធ្វើអ្វីខ្លះនៅពេលខ្ញុំធ្លាក់ក្នុងអំពើជួញដូរ?

ប្រសិនបើអ្នកឃើញ ឬអ្នកបានធ្លាក់ក្នុងអំពើជួញដូរមនុស្ស អ្នកត្រូវព្យាយាមស្វែងរកជំនួយតាមរយៈលេខទូរស័ព្ទខាងក្រោម។ ប្រសិនបើអាចធ្វើទៅបាន អ្នកគួរព្យាយាមទាក់ទងទៅគ្រួសារ និងមិត្តភក្តិផងដែរ ដើម្បីឱ្យពួកគេដឹងពីទីតាំងដែលអ្នកកំពុងស្ថិតនៅ។

លេខទូរស័ព្ទជួយសង្គោះបន្ទាន់នៅក្នុងប្រទេសកម្ពុជា៖

  • 023 997 919 or 1288 (មិនគិតថ្លៃ)​ នាយកដ្ឋានអំពើជួញដូរមនុស្ស និងការពារអនីតិជន
  • 077 455 516 លេខទូរស័ព្ទប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃអង្គការជំនួយផ្នែកច្បាប់ដល់កុមារ និង ស្រ្តី
  • 012 311 112 បណ្តាញការពារកុមារ

ប្រសិនអ្នកនៅក្រៅប្រទេសកម្ពុជា អ្នកអាចស្វែងរកជំនួយពីស្ថានទូតរបស់អ្នកតាមលេខទូរស័ព្ទខាងក្រោម៖

ប្រទេសចិន
ស្ថានទូតខ្មែរនៅទីក្រុងប៉េកាំង៖ +81 18 80 14 07 865
ស្ថានកុងស៊ុលនៅទីក្រុងសៀងហៃ៖ +86 15 60 17 18 777, +86 18 50 16 43 537

ប្រទេសថៃ
ស្ថានទូតខ្មែរនៅប្រទេសថៃ៖ +66 29 57 58 51
អង្គការ GAATW: +66 28 64 14 27
អង្គការ LPN: +66 34 434 267

ប្រទេសម៉ាឡេស៊ី
ស្ថានទូតនៅប្រទេសម៉ាឡេស៊ី +60 34 257 11 50, +60 34 257 37 11
អង្គការទីណាហ្គានីតា +060 37 77 03 691

ប្រទេសសឹង្ហបុរី
អង្គការមនុស្សធម៌សម្រាប់សេដ្ឋកិច្ចនៃការធ្វើទេសន្តប្រវេសន៍នៅប្រទេសសឹង្ហបុរី (HOME) បណ្តាញជំនួយ២៤ម៉ោងសម្រាប់ស្រ្តីនិង បុរសបម្រើការងារតាមផ្ទះ
+65 63 41 55 25 (សម្រាប់ស្រ្តី)
+65 63 41 55 35 (សម្រាប់បុរស)

(ចម្លើយដកស្រង់ចេញពីព្រឹត្តិប័ត្តព័ត៌មានរបស់គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃអង្គការវីរ៉កកម្ពុជា ដែលចេញផ្សាយ លេខ​៦ខែមករា-មីនា២០១៥)
ទៅផ្នែកខាងលើវិញ ▲

ហេតុអ្វីបានជាមានមនុស្សជាច្រើនធ្វើចំណាកស្រុក?

មានហេតុផលជាច្រើនដែលតម្រូវឱ្យប្រជាជនទាំងនោះធ្វើចំណាកស្រុក។​ ពួកគេច្រើនរំពឹងទុកថា នៅពេលពួកគេធ្វើចំណាកស្រុក នោះពួកគេនឹង៖

  • មានការងារធ្វើល្អប្រសើរជាងមុន
  • មានប្រាក់ចំណូលច្រើនជាងមុនដើម្បីជួយគ្រួសារពួកគេ
  • ផ្សងព្រេងដើម្បីមានឱកាសបានឃើញ និងដកបទពិសោធន៍ថ្មីៗ
  • មានឱកាសរៀនជំនាញថ្មី
  • មានឱកាសជួបមនុស្សថ្មី
  • មានឱកាសរកស៊ី
  • អាចចាប់ផ្តើមជីវិតថ្មី

ទៅផ្នែកខាងលើវិញ ▲

តើការធ្វើចំណាកស្រុកមានគ្រោះថ្នាក់អ្វីខ្លះ?

គ្រោះថ្នាក់ទាំងនោះអាចមានដូចជា៖

  • ការប្រឈមនឹងការបោកបញ្ឆោតពីមេខ្យល់
  • មិនបានទទួលប្រាក់កម្រៃ ឬការងារតាមការសន្យា
  • ចាញ់បោកគេ, ទៅធ្វើការងារលំបាក, កខ្វក់ និងមានគ្រោះថ្នាក់
  • ត្រូវបានគេនាំចូលទៅដោយលួចលាក់ ឬត្រូវបានគេជួញដូរ
  • មិនមានលទ្ធភាពទទួលបានព័ត៌មាន ឬចេះភាសារដើម្បីស្នើសុំជំនួយផ្សេងៗ
  • បោះបង់ការសិក្សា

សូមមើលចម្លើយនៃសំណួរ “តើមានអ្វីកើតឡើងខ្លះ ប្រសិនបើអ្នកធ្វើចំណាកស្រុកដោយខុសច្បាប់?”
ទៅផ្នែកខាងលើវិញ▲

តើមានអ្វីកើតឡើងខ្លះ ប្រសិនបើអ្នកធ្វើចំណាកស្រុកដោយខុសច្បាប់?

ការធ្វើចំណាកស្រុកដោយខុសច្បាប់ អ្នកអាចនឹងប្រឈមមុខនូវបញ្ហាដូចខាងក្រោម៖

  • ពលករដែលមិនស្របច្បាប់ជាទូទៅគឺមិនមានកិច្ចសន្យាការងារ ដែលមានន័យថាពលករនោះកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ពីការកេងប្រវ័ញ្ច ឬរំលោភបំពានទៀតផង
  • ការងារតាមរយៈបណ្ដាញមិនស្របច្បាប់គឺច្រើនទទួលបានប្រាក់ខែតិចតួចនិង​ មានលក្ខខណ្ឌការងារមិនល្អ
  • មិនមានសេរីភាពដើរហើរ។ ត្រូវបានរឹតបង្តឹងក្នុងការធ្វើដំណើរទៅក្រៅតំបន់ដែលពួកគេធ្វើការ
  • អាចនឹងត្រូវបានប៉ូលិសចាប់ខ្លួនហើយ បញ្ជូនត្រឡប់មកវិញ
  • មានលទ្ធភាពតិចតួចក្នុងការរាយការណ៍ពីពីបទល្មើសណាមួយនៅពេលអ្នកមានបញ្ហា
  • មិនមានភាពស្របច្បាប់ ដែលមិនអាចឲ្យគាត់ទទួលបាននូវការថែទាំសុខភាពដោយមិនគិតថ្លៃ ឬ បង់ថ្លៃតិចតួចពីម​ន្ទីរពេទ្យសាធារណៈ
  • មិនអាចទទួលបានសេវាកម្មថែទាំសង្គម និង​សុខភាព
  • ជនចំណាកស្រុកដោយខុសច្បាប់ច្រើនតែមិនអាចធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះវិញតាមផ្លូវមានសុវត្ថិភាពឡើយ
  • ជនចំណាកស្រុកដោយខុសច្បាប់គឹភាគច្រើនចំណាយច្រើនលើការជួលផ្ទះ ហើយប្រឈមនឹងការចំណាយខ្ពស់។

ជនចំណាកស្រុកដោយស្របច្បាប់ ឬដោយ មាន​ឯកសារគ្រប់គ្រាន់ គឺជាអ្នកដែល​ត្រូវ​បាន​​គេអនុញ្ញាតសិទ្ធិឱ្យចូលស្នាក់នៅ និងធ្វើការ នៅក្នុងប្រទេសមួយផ្សេងទៀត​ដោយ​ស្របច្បាប់​ព្រោះពួកគេមាន​ឯកសារត្រឹមត្រូវគ្រាប់គ្រាន់។ ដូចនេះ​​សិទ្ធរបស់ពួកគេត្រូវបាន ការពារ​ដោយច្បាប់​ក្នុង​ប្រទេស​ថ្មីនោះ។ ប៉ុន្តែជនចំណាកស្រុកដោយគ្មានឯកសារ ឬខុសច្បាប់គឺជាជនដែលមិន​ត្រូវបានគេ​អនុញ្ញាតឱ្យចូល ស្នាក់នៅ និងធ្វើការ នៅក្នុងប្រទេសណាមួយឡើយ​។ ជា​ញឹក​ញាប់ ជនទាំងនោះ តែង​ធ្លាក់ចូលទៅក្នុងការរំលោភបំពានផ្សេងៗ អស់លុយកាក់ច្រើនក្នុងការសូកប៉ាន់ ឬចំណាយប្រាក់ឱ្យពួកភ្នាក់ងារក្រៅផ្លូវការដើម្បីចូលទៅប្រទេសណាមួយ ឬបានការងារធ្វើ។ ហើយអ្នកខ្លះឈានទៅដល់ការជំពាក់បំណុល ឬធ្វើការងារអាក្រក់,​ ការបង្ខំ និងកេងប្រវ័ញ្ចកម្លាំងពលកម្មដូចជា មិនបានទទួលប្រាក់កម្រៃលើសម៉ោង ហើយមិនមានការសម្រាកគ្រប់គ្រាន់, អាចត្រូវគេវាយដំ ឬរំលោភបំពានផ្លូវភេទក៏សឹងមាន។ ពួកគេមិនអាចរកជំនួយពីអាជ្ញាធរមូលដ្ឋាន ឬទទួលបានការការពារដោយច្បាប់ ពីព្រោះពួកគេជាជនចំណាកស្រុកដែលខុសច្បាប់។ ជនចំណាកស្រុកដោយខុសច្បាប់មិនអាចទទួលផលប្រយោជន៍ពីសេវាសង្គមដូចជា ការថែទាំសុខភាព, មិនអាចដើរដោយសេរីនៅទីសាធារណៈ ឬអាចជាសមាជិកនៃសហគមន៍ណាមួយ ហើយជាធម្មតារស់នៅក្នុងភាពភ័យខ្លាចគេឃើញ និងចាប់ខ្លួន។

(ចម្លើយត្រូវបានដកស្រង់ចេញពីសៀវភៅមគ្គុទេសក៏ទេសន្តប្រវេសន៍ការងារដោយសុវត្តិភាព​នៃអង្គការ IOM ទំព័រ១៤)

ប្រសិនបើចង់ដឹងបន្ថែម សូមចុចទីនេះ ដើម្បីអានមេរៀនទី២ នៃជំពូក១។
ទៅផ្នែកខាងលើវិញ▲

តើអ្វីខ្លះដែលអ្នកត្រូវដឹងមុននឹងធ្វើចំណាកស្រុក?

មានកិច្ចការជាច្រើនដែលអ្នកគួរដឹងមុននឹងធ្វើចំណាកស្រុក!

  • យ៉ាងហោចណាស់ អ្នកត្រូវដឹងថាត្រូវមានឯកសារចាំបាច់អ្វីខ្លះ, ហើយត្រូវមានការណែនាំអ្វីខ្លះដែលអ្នកត្រូវធ្វើ ហើយអ្នកត្រូវច្បាស់១០០ភាគរយថាអ្នកត្រូវធ្វើវា ហើយប្រាកដថាអ្នកនឹងធ្វើចំណាកស្រុកដោយស្របច្បាប់មុននឹងចាកចេញពីផ្ទះ។
  • អ្នកគួរដឹងថាក្រុមហ៊ុនជ្រើសរើសពលករដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយរដ្ឋាភិបាល។ (មើលមេរៀនទី១ នៃជំពូក២)
  • អ្នកគួរដឹងឱ្យច្បាស់អំពីខ្លឹមសារនៅក្នុងកិច្ចសន្យាការងារដែលអ្នកត្រូវចុះកិច្ចសន្យា (មើលមេរៀនទី២ នៃជំពូក៣)
  • អ្នកគួរស្គាល់លេខទូរស័ព្ទដែលអាចជួយអ្នកនៅពេលអ្នកមានបញ្ហា។ លេខសង្គ្រោះបន្ទាន់ទាំងនេះមានដូចជាលេខប៉ូលិស, ស្ថានទូត និង អង្គការផ្សេង។ (សូមមើលជំពូក៦)
  • ជាការល្អ អ្នកគួរស្គាល់ឈ្មោះនិងលេខទូរស័ព្ទរបស់នរណាដែលអ្នកទុកចិត្តថាអាចជួយអ្នកបាន
  • ប្រសិនបើអ្នកនឹងទៅប្រទេសថ្មីណាមួយ អ្នកគួរដឹងពីព័ត៌មានចាំបាច់ខ្លះ, ការរស់នៅ និងលក្ខខណ្ឌការងារនៃប្រទេសថ្មីនោះ
  • អ្នកគួរដឹងពីព័ត៌មានធនាគាររបស់អ្នក និងគ្រួសាររបស់អ្នកដើម្បីអាចឱ្យអ្នកផ្ទេរប្រាក់មកពួកគេបាន។​(សូមមើលជំពូក៥)
  • អ្នកគួរចេះពីរបៀបទូរស័ព្ទពីប្រទេសក្រៅមកផ្ទះ និងពីផ្ទះទៅប្រទេសក្រៅ។ និងចេះពីរបៀបផ្ញើរសារ, ផ្ញើរអ៊ីមែល ឬប្រើបណ្តាញសង្គមដើម្បីទាក់ទងជាមួយគ្រួសារនៅឯផ្ទះ។ (មើលមេរៀនទី៥ នៃជំពូក១)

មានកិច្ចការជាសច្រើនទៀតដែលអ្នកត្រូវដឹងមិននឹងធ្វើចំណាកស្រុកដើម្បីឱ្យមានសុវត្ថិភាព។ សូមចំណាយពេលអានមេរៀនក្នុងជំពូកផ្សេងទៀតនៅលើគេហទំព័រអេម ហើយរៀនពីកិច្ចការផ្សេងទៀតដូចជាការចាត់ចែងចំណូលចំណាយ, ការប្រសេវាធនាគារ, វិធីរក្សាទំនាកទំនងល្អ​ និង សុវត្ថិភាពនៅកន្លែងធ្វើការ។

សូមអានមេរៀនបន្ថែមនៅក្នុងជំពូក១,២,៣,​និង​៦។
ទៅផ្នែកខាងលើវិញ ▲

តើត្រូវធ្វើអ្វីមុននឹងសម្រេចចិត្តធ្វើចំណាកស្រុក? ហើយត្រូវមានឯកសារអ្វីខ្លះ?

  • ពិភាក្សាជាមួយមេភូមិ ឬអ្នកដែលធ្លាប់ធ្វើចំណាកស្រុកនៅក្នុងភូមិអំពីចំណាក​ស្រុក របស់អ្នក​នៅមុនពេលអ្នកចេញដំណើរ
  • ជ្រើសរើសយកក្រុមហ៊ុនជ្រើសរើសពលករដែលស្របច្បាប់ដើម្បីឱ្យរៀបចំការធ្វើចំណាកស្រុករបស់អ្នក
  • រក្សាទុកលេខទូរស័ព្ទដែលអាចជួយអ្នកនៅពេលមានបញ្ហា ដូចជាលេខទូរស័ព្ទប៉ូលិស, គ្រូពេទ្យ, មន្ទីរពេទ្យ, គ្រួសារ, មិត្តភក្តិ និងសេវាអង្គការនានា
  • មិនត្រូវចុះហត្ថលេខាលើកិច្ចសន្យាឡើយ ប្រសិនបើអ្នកមិនចេះអាន ឬមិនយល់ពីវាអ្នកត្រូវ​រកគេឱ្យជួយពន្យល់ដល់អ្នក
  • ស្គាល់អាសយដ្ឋានដែលអ្នកត្រូវទៅធ្វើការ និងទៅរស់ នៅមុនពេលចេញដំណើរ។

ឯកសារដែលអ្នកត្រូវមានដូចជា៖

  • កាតពលករកម្ពុជាធ្វើការក្រៅប្រទេស
  • លិខិតអនុញ្ញាតឱ្យធ្វើការងារ
  • លិខិតឆ្លងដែន
  • ទិដ្ឋាការការងារ
  • កិច្ចសន្យារការងារ
  • កិច្ចសន្យាររកការងារឱ្យធ្វើ
  • លិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសទទួល

ប្រសិនបើអ្នកចង់ដឹងបន្ថែមសូមចុចទីនេះដើម្បីអានមេរៀនទី២ នៃជំពូក១។
ទៅផ្នែកខាងលើវិញ ▲

តើឯកសារអ្វីខ្លះដែលអ្នកចាំបាច់ត្រូវមាន ដើម្បីធ្វើចំណាកស្រុកទៅ្រទេសថៃ?

នៅអ្នកធ្វើចំណាកស្រុកទៅប្រទេសថៃ ដំណើរការគឺស្រដៀងគ្នានឹង ប្រទេសផ្សេងដែរ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកត្រូវមានឯកសារដូចខាង ក្រោម៖

  • កាតពលករកម្ពុជាធ្វើការក្រៅប្រទេស
  • លិខិតអនុញ្ញាតឱ្យធ្វើការងារ
  • លិខិតឆ្លងដែន
  • ទិដ្ឋាការការងារ
  • កិច្ចសន្យារការងារ
  • កិច្ចសន្យារ
  • លិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសទទួល

ទៅផ្នែកខាងលើវិញ ▲

តើហេតុអ្វីបានជាខ្ញុំត្រូវជ្រើសរើសយកក្រុមហ៊ុនជ្រើសរើសពលករដែលស្របច្បាប់?

វាពិតជាសំខាន់ណាស់ចំពោះអ្នកចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងតាមរយៈក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់។ ដោយហេតុថាការទៅតាមរយៈ​ក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ គឺមានន័យថាអ្នកអាចចៀសវាងបាននូវបញ្ហា ឬការលំបាកផ្សេងៗ។ នៅពេលអ្នកបានជ្រើសរើសយកក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ហើយ នោះអ្នកនឹងទទួលបាន៖

  • ការការពារដោយច្បាប់ របស់ប្រទេសដែលអ្នកទៅធ្វើការ
  • នូវការធានារ៉ាប់រងចំពោះការបំពេញការងារ
  • ការមិនមានបញ្ហាភ័យខ្លាចជាមួយប៉ូលីស
  • សិទ្ធិជាកម្មករស្របច្បាប់

តើមានប្រភេទកិច្ចសន្យាអ្វីខ្លះដែលក្រុមហ៊ុនជ្រើសរើសពលករមាន?

ជាធម្មតាមានកិច្ចសន្យា២ប្រភេទដែលអ្នកត្រូវស្វែងយល់។ មួយគឺ “កិច្ចសន្យាដែលធានារការងារឱ្យអ្នកធ្វើ” ដែលជាការព្រមព្រៀងរវាងអ្នកនឹងក្រុមហ៊ុនថានឹងរកការងារឱ្យអ្នកធ្វើ។ មួយទៀតគឺ “កិច្ចសន្យាការងារ”​ដែលជាការព្រមព្រៀងរវាងអ្នកនឹងថៅកែដែលអ្នកនឹងទៅធ្វើជាមួយ។

បើអ្នកចង់ដឹងព័ត៌មានបន្ថែមសូម​អានមេរៀនទី១ ក្នុងជំពូក២។

តើអង្គការរបស់អ្នកជួយជនរងគ្រោះដោយរបៀបណា?

អង្គការអប់រំពិភពលោកបច្ចុប្បន្ននេះមិនមានកម្មវិធីឬ សកម្មភាពជាកលាក់ណាមួយជួយដល់ជនរងគ្រោះពីការធ្វើចំណាកស្រុកដែលមិនមានសុវត្ថិភាព ឬពីអំពើជួញដូរមនុស្សទេ។ លេខទូរស័ព្ទដែលបានដាក់នៅលើទំព័រមុខនៃគេហទំព័ររបស់យើង និងសេវាផ្សេងៗដែលមាននៅក្នុងផ្នែកធនធានគឺសម្រាប់ផ្តល់ជំនួយដោយដ្ឋាភិបាល និងភ្នាក់ងារផ្សេងៗ។ សូមទាក់ទងទៅពួកគេដោយផ្ទាល់។ ចុចទីនេះដើម្បីចូលទៅដល់ផ្នែកធនធានផ្ទាល់។
ទៅផ្នែកខាងលើវិញ ▲

 

Call to listen to AIMS lessons: 095 21 77 44, 096 52 16 006 097 24 22 898, 097 24 22 808
ជា​លេខ​ទូរស័ព្ទ​សម្រាប់​ស្តាប់​មេរៀន​អំពីចំណាក​ស្រុក និង​សុវត្ថិភាព:
095 21 77 44, 096 52 16 006
097 24 22 898, 097 24 22 808